តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ឡឺ​អំពី វិនដូ ៧ ឬ​ទេ? សុំ​អួត​បន្តិច​ទៅ​ចុះ មិន​ត្រឹម​តែ​ធ្លាប់​បាន​ឮ​ទេ តែ​ថែម​ទាំង​បាន​ប្រើ​ទៀត។ ប្រហែល​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​សំណាង​ជាង​គេ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ដំណើរ​ការ​ដំឡើង (Windows Setup) របស់​វា​បើ​ប្រៀប​ធៀប​ជា​មួយ វិស្តា នៅ​លើម៉ាស៊ីន Dell Inspiron 1420 ​របស់​ខ្ញុំ​ដែល​មាន​ផ្នែក​រឹង​ដូច​ជា CPU Core 2 Duo 2.0GB, Ram 2.0GB, Webcam 2 MP, Wireless & Bluetooth Build-in, Card Reader 8 in 1, … វា​គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល ២៥ នាទី ប៉ុណ្ណោះ​យ៉ាង​យូរ ប៉ុន្តែ វិនដូ វិស្តា ការ​ដំណើង​របស់​វា​ចំណាយ​ពេល​រហូត​ដល់​ទៅ ៥០ នាទី ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខ្ញុំ​មិន​ចាំ​ដំឡើង Driver អ្វី​ច្រើន​នោះ​ទេ បន្ទាប់​ពី​ការ​ដំឡើងវិនដូ ៧ រួច លើកលែង Driver ពីរប៉ុណ្ណោះ គឺ Bluetooth និង VGA Driver ក្រៅ​ពី​នោះ​មិន​ចាំ​បាច់​និយាយ​ពី​វា​នោះ​ទេ ដូច​ជា wireless ជា​ដើម​នោះ ។

វិនដូ ៧ ខ្ញុំ​អាច​និយាយ​បាន​ថា វា​ល្អ​ជាង វិនដូ វីស្តា ដោយ​​សារ​​តែ​​ដំណើរ​ការ​​ប្រតិបត្តិ​​របស់​​វា​ទៅ​​ផ្នែក​​ទន់ (Software) មាន​ល្បឿន​លឿន​ជាង វិស្តា ។ ដំណើរ​ការ​នៃ​ការ Boot របស់​វា​មាន​ល្បឿន​លឿន​ចូល​ទៅ​កាន់ Desktop ។ ជាង​នេះ​ទៅ​ទៀត​មិន​ចាំ​រង់​ចាំ​អោយ​វា​ដំណើរ​ការ (run process) នៅលើ Desktop យូរដូច វិនដូ វិស្តា នោះទេ យើង​អាច​ចាប់​ផ្តើម​ប្រើ​កម្ម​វិធី​ផ្សេងៗ​បាន​ភ្លាមៗ​បន្ទាប់​ពី​ចូល​ដល់ Desktop ។

ដំណឹង​ល្អ​សំរាប់​អ្នក​ទាំង​អស់គ្នា​នោះ​គឺ​ថា កម្ម​វិធី​វចនានុក្រម​ខ្មែរ Orkida Dictionary ដែល​ប្រហែល​សរសេរ​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ នៅ​តែ​អាច​ដំណើរ​ការ​បាន និង វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃ ជួន ណាត របស់​ពុទ្ធ​សាសន​បណ្ឌិត នៅ​តែ​អាច​ដំណើរ​ការ​លើ វិនដូ ៧ បាន​យ៉ាង​ល្អ​បំផុត​ដោយ​គ្មាន​ភាព​រអាក់​រអួលបន្តិច​សោះ​ចាប់​ការ​ដំឡើង​រហូត​ដល់​ការ​ប្រើប្រាស់​វា ។ គួរ​អោយ​ខ្ញុំ​សោក​ស្តាយ​បន្តិច​ដែរ នៅ​ពេល​ដែល​និយាយ​អំពី ខ្មែយូនីកូដ វា​នៅ​តែ​មាន​ទំហំ​តូច​ដូច​នៅ​ក្នុង វិនដូ វិស្តា អញ្ចឹង​ដែរ វា​ហាក់​ដូច​ជា​ថា​ទំហំ​របស់​វា​គឺ​មិន​មែន​សំរាប់​ភ្នែក​មនុស្ស​មើល​សោះ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​សំរេច​ចិត្ត​ដំឡើង​កម្មវិធី Khmer Unicode 2.0 សំរាប់​ជា​ជំនួយ​អោយ​ទំហំ​របស់​វា​ធំ​ហើយ​អាច​អាន​បាន​ដូច​ធម្មតា ។

Windows 7 Screen Shoot with Khmer Unicode

តែ​ទោះ​ជា​យ៉ាង​ណា​សំរាប់​ខ្ញុំ​នៅ​ពេល​ណា​ខ្ញុំ​កាន់​តែ​ប្រើ​វា ខ្ញុំ​កាន់​តែ​ចូល​ចិត្ត​ប្រើ​វា​ដោយ​សារ​តែ​ភាព​ងាយ​ស្រួល និង ស្ថេរ​ភាព​ក្នុង​ការ​ដំណើរ​ការ​ប្រព័ន្ធ​របស់​វា (reliabilities, stabilities and smoothness) ។